នៅក្នុងចំណោមអាហារទាំងឡាយ ផ្លែឈើគឺជាអាហារដែលមិនអាចខ្វះបាន បន្ទាប់ពី សាច់ បន្លែ និង ទឹក។ ផ្លែឈើមិនត្រឹមតែផ្តល់នូវឱជារសឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្តល់នូវគុណប្រយោជន៍យ៉ាងច្រើន ចំពោះសុខភាព។ ហេតុផលមួយចំនួនដែលអាចអោយលោកអ្នកពិចារណា និងទទួលទានផ្លែឈើ ៖
- ផ្លែឈើគឺគ្មានជាតិកូលេស្ទេរ៉ូល(Cholesterol)១០០% ៖ ការទទួលទានអាហារដែលមានជាតិកូលេស្ទេរ៉ូល(ជាតិខ្លាញ់)ខ្ពស់ គឺអាចអោយលោកអ្នកធាត់ និងឡើងទម្ងន់ហួសកំរឹត និងមានជំងឺផ្សេងៗ ទៀតផង។ ជំរឹសដែលល្អបំផុតសំរាប់អ្នក ដើម្បីជំនួសកុំអោយការបរិភោគរបស់អស់ទាំងនោះច្រើនពេក គឺមានបន្លែ និង ផ្លែឈើនេះឯង។
- ជួយថែរក្សាស្បែកអោយស្រស់ថ្លា៖ មនុស្សម្នាក់ៗសុទ្ធតែត្រូវការភាពស្រស់ស្អាតនៃស្បែក ផ្លែឈើមានផ្ទុកទៅដោយសារៈចិញ្ចឹម និងវីតាមិនជាច្រើនដែលមានប្រយោជន៍ដល់ស្បែករបស់អ្នក។
- ជួយការពារជំងឺផ្សេងៗ ៖ នៅក្នុងផ្លែឈើ វាមិនត្រឹមតែមានផ្ទុកទៅដោយវីតាមិនដែលមានសារៈសំខាន់ៗ ចំពោះសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានផ្ទុកនូវសារធាតុ ហ្វាយប័រ (Fiber)ដែលអាចជួយរេរាំង នូវការឡើងទំងន់ ការកើនឡើងនៃសំពាធឈាម និងកត្កាដែលជំរុញអោយកើតជំងឺបេះដូង។
- ជំនួយដល់ការចងចាំ៖ អ្នកដឹងទេ! ផ្លែឈើគឺជាឱសថដែលផ្តល់ផលយ៉ាងវិជ្ជមាន ជួយដល់ការចងចាំ របស់អ្នក។ វាអាចជួយអោយអ្នកអាចហៅពត៌មានពីខួរក្បាលរបស់អ្នកយ៉ាងរហ័ស និងងាយស្រួលទៀតផង។
- ជួយអ្នកអោយមានអារម្មណ៍ស្រស់ថ្លា ៖ ប្រសិនបើអ្នកមានអារម្មណ៍ធុញថប់ អស់កំលាំង ដោយសារតែសំពាធការងារច្រើន សូមចំណាយពេលពី១០ ទៅ១៥នាទីដើម្បីសំរាក ហើយទទួលទាន ផ្លែឈើស្រស់ៗមួយចំនួន។ វាពិតជាអាចជួយកាត់បន្ថយភាពតប់ប្រមល់របស់អ្នកជាក់ជាមិនខាន។
- ផ្ទុកទៅដោយជាតិទឹក ៖ គឺប្រហាក់ប្រហែលទៅនឹងមនុស្សយើងដែរ នៅក្នុងផ្លែឈើគឺមានជាតិទឹកប្រហែល ៨០% នៃខ្លួនរបស់វា ដែលច្រើនជាងសាច់សត្វដែលមានតែ១៥% ប៉ុណ្ណោះ។ ជាតិទឹកដែលមាននៅក្នុងផ្លែឈើ គឺពិតជាល្អបរិសុទ្ធសំរាប់សុខភាពរបស់អ្នក។
- មិនចាំបាច់សំលាប់ និងចំអិន៖ មិនដូចជាអាហារដទៃដែលត្រូវការសំលាប់ដើម្បីយកសាច់ មកទទួលទាននោះឡើយ យើងគ្រាន់តែបេះវាពីដើម លាងទឹកអោយស្អាត និងយកមកទទួលទាននោះគឺជាការស្រេច។
- អាហារធម្មជាតិ ៖ ជាលក្ខណៈធម្មជាតិ ផ្លែឈើត្រូវបានបង្កើតឡើង សំរាប់អោយមនុស្ស និងសត្វបរិភោគ ហើយការបរិភោគនេះ នឹងជួយក្នុងការពង្រាយនូវគ្រាប់ពូជធុញ្ញជាតិទាំងនោះ អោយបានដុះលូតលាស់នៅ គ្រប់ទីកន្លែង
No comments:
Post a Comment