29 June 2009

ចែកម្ជុលសារ៉ាងដល់អ្នកប្រើប្រាស់ថ្នាំញៀន

ខ្ញុំបានទទួល​សំណួរមួយដែលផ្ញើមកខ្ញុំថ្មីៗនេះគឺគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ហើយ អាចឲ្យខ្ញុំ បានពន្យល់ពីសេវាដ៏ចំាបាច់មួយ ដែលមាននៅក្នុងប្រទេសកម្ពុជា សម្រាប់ ការបង្ការមេរោគអេដស៍។
សំណួរនោះគឺៈ "ខ្ញុំបានឃើញបុគ្គលិករបស់អង្គការមិនមែនរដ្ឋាភិបាលដើរចែក ម្ជុល និងសឺរ៉ាង​នៅតាមផ្លូវក្នុង​ទីក្រុងភ្នំពេញ ទៅឲ្យអ្នកប្រើប្រាស់ថ្នាំញៀន។ ហេតុអ្វី បានជាពួកគេធ្វើយ៉ាងនេះ ក្នុងពេលដែលវាបានលើកទឹកចិត្តដល់ការ​ប្រើប្រាស់ ថ្នាំញៀន?
ថ្មីៗនេះ នៅក្នុងប្រទេសកម្ពុជា មានកម្មវិធីពីរ ដែលធ្វើការផ្តល់ម្ជុល និងសឺរ៉ាងទៅដល់អ្នក ចាក់ថ្នាំញៀននៅតាមផ្លូវក្នុងទីក្រុងភ្នំពេញ។ គេបានហៅកម្មវិធីនេះ ថា " កម្មវិធីម្ជុលសឺរ៉ាង ឬ NSP " ដោយវាបានចាប់ដំណើរការទៅក្រោមច្បាប់អនុញ្ញាតពិសេស ពីអាជ្ញាធរជាតិ ប្រយុទ្ធនឹងថ្នាំញៀន។

ហេតុអ្វីបានជា​រាជរដ្ឋាភិបាលផ្តល់ការ​អនុញ្ញាត ឲ្យមានសកម្មភាព​ ទាំងនេះកើតឡើង? ដើម្បីឆ្លើយ​នឹង​សំណួរ​នេះ វាជាការ សំខាន់​ណាស់ដែលត្រូវយល់ដឹង ពីគ្រោះ​ថ្នាក់នៃការ ចាក់ថ្នាំញៀន ដែល​នាំ​ទៅ​រក​ការ​ឆ្លង​មេរោគ​អេដស៍ និងឥទ្ធិពលរបស់វា ដែលផ្តល់មក ​សហគមន៍ និងសង្គមទាំងមូល។

មិនទាន់មានចំនួនច្បាស់លាស់ នៃអ្នកប្រើប្រាស់ថ្នាំញៀននៅក្នុងប្រទេសកម្ពុជានោះទេ ពីព្រោះពេលខ្លះ អ្នកប្រើថ្នាំញៀន បានជ្រើសរើសវិធីប្រើថ្នាំញៀន ដោយការចាក់ថ្នាំដោយ ម្ជុល និងសឺរ៉ាង​ចូល​ទៅ​ក្នុង​សរសៃ​ឈាម របស់ពួកគេ ដែលនេះត្រូវគេស្គាល់ថា គឺជាការចាក់ថ្នាំញៀនតាមសរសៃឈាម។ ប្រសិនបើអ្នកចាក់ថ្នាំញៀនទទួលបានម្ជុល និងសឺរ៉ាងស្អាត សម្រាប់ប្រើប្រាស់ដោយខ្លួនគេផ្ទាល់ ភាពប្រឈមមុខនឹងការឆ្លងមេរោគ តាមសរសៃឈាម នឹងមិនកើតមាននោះឡើយ។ ក៏ប៉ុន្តែប្រសិនបើពួកគេ មិនទទួលបាន ម្ជុល និងសឺរ៉ាងស្អាត សម្រាប់ការ​ប្រើប្រាស់​ឲ្យបាន​ទៀងទាត់​នោះ អ្នកចាក់ថ្នាំញៀន នឹង អាចចែករំលែកវាជាមួយអ្នកឯទៀត ឬក៏អាចប្រើម្ជុល និងសឺរ៉ាង​ចាស់ៗ ដែលពួកគេមិន ដឹងថាតើនរណាបានប្រើម្ជុល និងសឺរ៉ាងនោះពីមុនមកឡើយ។ នៅពេលរឿងនេះកើត ឡើងអ្នកដែលចាក់ថ្នាំញៀន នឹងដាក់ខ្លួនគេឲ្យស្ថិត​ក្នុងសភាពគ្រោះថ្នាក់ យ៉ាងសម្បើម ពី​ព្រោះ​ប្រសិន​បើអ្នកដែលបានប្រើម្ជុល និងសឺរ៉ាងពីមុន មានឆ្លងមេរោគ អេដស៍នោះ គេនឹង​ប្រឈម​មុខខ្ពស់​នឹង​ឆ្លង​មេរោគ​អេដស៍ ដោយ​គេ​បាន​ចាក់​បញ្ចូលឈាមដែលមាន មេរោគ​សល់​នៅ​ក្នុង​សឺរ៉ាង​ចូល​ទៅ​ក្នុង​រាង​កាយ​របស់គេ នៅពេលដែលគេចាក់ថ្នាំញៀន។
នេះ​ត្រូវ​បាន​គេស្គាល់ថា ជាការឆ្លងតាមរយៈឈាម និងឈាម ដែលជាមធ្យោបាយមួយ ដ៏មាន​ប្រសិទ្ធភាព បំផុតសម្រាប់ការចម្លងមេរោគអេដស៍ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ក្នុងចំណោមអ្នកដែលចាក់ថ្នាំញៀនហើយប្រការនេះគឺមានគ្រោះថ្នាក់ជាទីបំផុត។ តាមរបាយការណ៍ពីមុនមកនេះ បានប៉ាន់ស្មាថា អ្នកដែលចាក់ថ្នាំញៀនជាប្រចាំនៅក្នុង ក្រុងភ្នំពេញមានអត្រាឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ក្នុងចន្លោះពី ២៥% ទៅ ៣៥%។ នេះជាអត្រា មួយគួរឲ្យព្រួយបារម្ភ។

អ្នកឃើញហើយថា វាជាប្រការមួយគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់អ្នកប្រើប្រាស់ ថ្នាំញៀន ប៉ុន្តែវាក៏បង្ករគ្រោះថ្នាក់មកដល់សង្គមយ៉ាងធំធេងផងដែរ ពីព្រោះអ្នកចាក់ថ្នាំញៀន ក៏មានទំនាក់ទំនងរួមភេទ ជាមួយអ្នកដទៃទៀតដូច ជាប្តី ប្រពន្ធ គូរកំណាន់ចិត្ត និងដៃគូ ម្តងម្កាល ក្នុងនោះគឺស្ត្រីបំរើសេវាផ្លូវភេទ។ ប្រទេសជាច្រើននៅក្នុងពិភពលោក ដែលមាន ចំនួនប្រជាជនឆ្លងមេរោគអេដស៍ និយាយថា ការឆ្លងរីករាលដាល ឥឡូវគឺមានតាមរយៈ ប្រយោល និងមិនប្រយោលនៅពេលប្រើថ្នាំញៀន ហើយដោយហេតុនេះ វាបានឆ្លងក្នុង កម្រិតមួយខ្ពស់ ក្នុងចំណោមអ្នកចាក់ថ្នាំញៀនដែលអាចបង្ករការឆ្លង ដល់មនុស្សទូទៅ ទៀតផង។ ហេតុផលនេះហើយ ដែលវាការចាំបាច់មួយដើម្បីផ្តល់ម្ជុល និងសឺរ៉ាងស្អាត ទៅអ្នកដែលប្រើប្រាស់ថ្នាំញៀនពីព្រោះ វាការពារអ្នកទាំងអស់គ្នា។ តើការផ្តល់ម្ជុល និងសឺរ៉ាងទៅអ្នកប្រើថ្នាំញៀននឹងលើកទឹកចិត្តឲ្យ មានការប្រើប្រាស់ថ្នាំញៀនដែរឬទេ? ជឿខ្ញុំចុះអង្គការ ដែលធ្វើការងារនេះ គេមានការប្រុងប្រយ័ត្នខ្លាំងណាស់ ដើម្បីធានាថា ពួកគេគ្រាន់តែផ្តល់សេវាកម្មនេះ ទៅឲ្យអ្នកដែលកំពុងចាក់ថ្នាំញៀន។ អ្នកប្រើគ្រឿង ញៀន អាចនឹងប្រើថ្នាំញៀន ដោយមិនគិតពីសេវាកម្មនេះ ដែលជារឿយៗ មធ្យោបាយប្រើ របស់គេមិនសូវមានសុវត្ថិភាព។

No comments:

Post a Comment