នៅពេលដែលនិយាយទៅដល់ការទៅជួបគ្រូពេទ្យ ខាងផ្នែករោគស្ត្រី សុភានារីមួយចំនួននឹងគ្រវីក្បាល ហើយស្រែកប្រកែកថាមិនទៅទេ ខ្មាសពេទ្យណាស់! ខ្លាចណាស់!។ តាមពិតគ្មានអ្វីគួរ ឲ្យ ខ្មាសអៀនទេ ព្រោះការធ្វើបែបនេះ ដើម្បីតែសុខភាពលោកស្រីអ្នកនាងកញ្ញាតែប៉ុណ្ណោះ។ បើខ្លាចការឈីចាប់ ឬក៏មិនអាចទទួលយកលទ្ធផលនៃការពិនិត្យនោះបាន មិនថ្វីទេ សូមក្លាហានឡើង ហើយត្រៀមខ្លួនដើម្បីទៅឲ្យគ្រូពេទ្យពិនិត្យ។ ម្យ៉ាងទៀតគ្រូពេទ្យដែលពិនិត្យសុទ្ធតែមានសីលធម៌ និងវិជ្ជាជីវៈពិតប្រាកដគ្មានអ្វីគួរឲ្យបារម្ភទេ។
តើត្រូវទៅជួបគ្រូពេទ្យពេលណា?
មានមូលហេតុពីរដែលគួរទៅត្រួតពិនិត្យសុខភាពរបស់លោកស្រី អ្នកនាងកញ្ញា គឺការទៅត្រួតពិនិត្យភាពមិនប្រក្រតី និងការពីនិត្យរកមើលជម្ងឺមហារីក។ ចំពោះស្ត្រីដែលរៀបការហើយ គួរពិនិត្យរកមើលជម្ងឺមហារីកជារៀងរាល់ឆ្នាំ។ មានស្ត្រីមួយចំនួនគ្រូពេទ្យអាចធ្វើការណាត់ជួបក្នុងរយៈពេល ៣ ឬ៦ខែម្តង។ នៅមាត់ស្បួនអាចមានការរលាករ៉ាំរៃ ឬសង្ស័យថាមានកោសិការខុសប្រក្រតី កើតឡើង។ នៅពេលមានអាយុពី៤០ឆ្នាំទៅ៤៥ឆ្នាំ ស្ត្រីគប្បីទៅពិនិត្យរកជម្ងឺមហារីកមាត់ស្បូន ព្រោះជម្ងឺនេះអាចព្យាបាលជាសះស្បើយ នៅពេលណាដែលរកឃើញក្នុងដំណាក់កាលដំបូង។ ជាពិសេសនៅពេលដែលមានអាការដូចជាធ្លាក់សខ្លាំង មានក្លិនស្អុយ មានឈាមចេញខុសប្រក្រតី មានរដូវលើសពី៧ថ្ងៃ ឬមានរបួសនៅអវយវៈភេទជាដើម ស្ត្រីទៅរកគ្រូពេទ្យ។
ការត្រៀមលក្ខណៈមុនពេលជួបគ្រូពេទ្យ
ជាធម្មតា នរណាក៏ដូចនរណាដែរ តែងតើមានអារម្មណ៍មិនល្អ នៅពេលដែលត្រូវ ឲ្យនរណាម្នាក់ឃើញពីអវយវៈភេទរបស់ខ្លួន ដែលខិតខំហួងហែងលាក់បាំង អស់រយៈពេលជាយូរមកហើយនោះ។សូម្បីតែនៅពេលដែលមានការរួមភេទលើកដំបូង ជាមួយមនុស្សដែលខ្លួនស្រឡាញ់ក៏ដោយ កុំថាឡើយទៅឲ្យគ្រូពេទ្យពិនិត្យ។ ដូចនេះសុភាពនារីទាំងអស់ត្រូវកាត់កេរ្តិ៍កាត់ខ្មាសទៅឲ្យគ្រូពេទ្យពិនិត្យដើម្បីសុខភាព។ បើគ្រូពេទ្យនោះជាស្ត្រីដូចគ្នាប្រហែលជាការអៀនខ្មាស់អាចកាត់បន្ថយបានខ្លះ ផ្ទុយទៅវិញបើគ្រូពេទ្យជាបុរសនោះប្រាកដជាមិនអាចបរិយាយពីអារម្មបានទេ។ តទៅនេះ គឺជាប្រការគួរត្រៀមខ្លួនមួយចំនួនសម្រាប់ស្ត្រី មុនពេលទៅជួបគ្រូពេទ្យ។ ៖
- ការត្រៀមចិត្ត៖ កុំខ្មាសឲ្យសោះ ត្រូវប្រកាន់ទស្សនៈថាមុខក្រាស់ដើម្បីសុខភាព ហើយគ្រូពេទ្យ ក៏មានក្រមសីលធម៌ច្បាស់លាស់ មិនអាចធ្វើអ្វីបំពានទៅលើអ្នកជម្ងឺបានទេ។
- បន្ទោរបង់ឲ្យបានរួចរាល់៖ សុភាពនារីទាំងអស់ត្រូវបន្ទោរបង់តូច ឬធំឲ្យរួចរាល់ ដើម្បីកុំឲ្យមានការរំខានដល់ការពិនិត្យរបស់គ្រូពេទ្យ។
- ការចងចាំ៖ គ្រប់ស្ត្រីទាំងអស់នៅពេលទៅជួបគ្រូពេទ្យ ចាំបាច់ត្រូវចងចាំពីស្ថានភាពរដូវរបស់ខ្លួន ដូចជាមានការឈឺចាប់ឬអត់ រដូវមកតិចឬច្រើន ទៀងទាត់ឬអត់ រដូវចុងក្រោយនៅពេលណា មានធ្លាក់សឬទេ ធ្លាប់រលូតឬរំលូតកូនឬទេ សម្រាលដោយវះកាត់ ឬតាមធម្មតាជាដើម។ ជាពិេសសទៅទៀតនោះ បើមានឯកសារពិនិត្យ និងប្រវត្តិជម្ងឺពីមុនមក ត្រូវប្រមូលទៅជាមួយដើម្បីងាយស្រួលធ្វើរោគវិនិច្ឆ័យ។
- ផ្អាក៖ ដើម្បីឲ្យលទ្ធផលពិនិត្យល្អ និងច្បាស់លាស់ គួរគប្បីផ្អាកការរួមភេទយ៉ាងហោចណាស់ក៏មួយយប់មុនពេលទៅជួបគ្រូ ពេទ្យ ហើយក៏មិនត្រូវប្រើថ្នាំសុល ឬស៊កថ្នាំអ្វីផេ្សង ទៅក្នុងទ្វារមាសក្នុងរយៈពេលបីថ្ងៃមុនពិនិត្យ ព្រោះអាចធ្វើឲ្យលទ្ធផលនៃការពិនិត្យថ្លោះធ្លោយ មិនចំទិសដៅ និងមិនច្បាស់លាស់។
- សម្លៀកបំពាក់៖ គ្រប់ស្ត្រីទាំងអស់ នៅពេលទៅជួបគ្រូពេទ្យគប្បីស្លៀកសំពត់ប្រសើរជាងស្លៀកខោ ព្រោះអាចបង្កការងាយស្រួលដល់ការពិនិត្យ។ ជាងនេះទៅទៀតត្រូវធ្វើអនាម័យឲ្យស្អាតបាតត្រឹមត្រូវ ចៀសវាងនាំក្លិនមិនល្អទៅជួបគ្រូពេទ្យ។
ចំណុចដែលលើកមកជម្រាបជូនខាងលើនេះយើងខ្ញុំសង្ឃឹមថានឹងក្លាយជា ជំនួយផ្នែកស្មារតីដល់សុភាពនារីទាំងឡាយ ក្នុងការទៅរកគូរពេទ្យរោគស្ត្រី និងប្រការគួរយល់ដឹងមួយចំនួនដែលចាំបាច់សម្រាប់ថែរក្សាសុខភាព។
(ដកស្រង់ចេញពីទស្សនាវដ្តីសុខភាពយើងលេខ០២២)
No comments:
Post a Comment