ខាងក្រោមនេះគឺជាគន្លឹះខ្លះៗដែលអ្នកអាចចូលរួមក្នុងសកម្មភាពបញ្ឈប់ការជក់បារីរបស់គាត់៖
- រក្សាអនាម័យ ៖ ថែរក្សាទីកន្លែងដែលគាត់រស់នៅអោយមានអនាម័យជានិច្ច ដើម្បីកុំអោយមានក្លិនបារី និងព្យាយាមអោយគាត់ស្ថិតឲ្យឆ្ងាយពីកន្លែងដែលមានក្លិន និងផែ្សងបារី។
- ស្វែងយល់ពីទំលាប់របស់គាត់៖ អ្នកជក់បារីភាគច្រើន តែងមានទំលាប់ផ្ទាល់ខ្លួនរបស់គាត់ ក្នុងការជក់បារី ឧទាហរណ៍ គាត់តែងពិសារបារីក្រោយពីទទួលទានអាហាររួច ពេលដែលកំពុងគិតរឿងស្មុគស្មាញ ពេលអស់កំលាំង ឬក៏ពេលទទួលទានសូរា ជាដើម ។ល។ សូមស្វែងយល់អំពីទំលាប់ និងពេលវេលាដែលគាត់ប្រើសំរាប់ការជក់បារី ដើម្បីខ្លួនអ្នកអាចរៀបចំគំរោង និងពេលវេលារបស់អ្នកបានត្រឹមត្រូវ និងស្ថិតនៅជាមួយគាត់ក្នុងកាលទសៈនោះ។
- បង្វែទំលាប់ជក់បារីរបស់គាត់៖ ត្រៀមលក្ខណៈដើម្បីបំវែទំលាប់ជក់បារីរបស់គាត់ អោយងាក់ទៅអនុវត្តនូវសកម្មភាពផ្សេងៗជំនួសវិញ ឧទាហរណ៍៖ ដើរលេងកំសាន្ត និយាយរឿងកំប្លែង ទទួលទានផ្លែឈើឬគ្រាប់ធញ្ញជាតិ …។ល។ ដើម្បីជំនួសការជក់បារីវិញ។
- យោគយល់ចំពោះអារម្មណ៍ឆេវឆាវរបស់គាត់៖ ការផ្តាច់បារីគឺជាបញ្ហាមួយដែលលំបាកសំរាប់អ្នកញៀនបារី ដូចនេះអារម្មណ៍នៃការធន់ថប់ ឆេវឆាវ ក្រេវក្រោធ អាចនឹងកើតមានឡើងនៅក្នុងកំឡុងពេលផ្តាប់បារីនេះ។ សង្ឃឹមថាអ្នកនឹងយោគយល់អត់អោន ចំពោះទង្វើរបស់គាត់ ។
- លើកទឹកចិត្ត៖ ការផ្តល់រង្វាន់លើកទឹកចិត្តគឺជាប្រការមិនអាចខ្វះបាន ដើម្បីជាកត្តាជំរុញអោយគាត់ ខំប្រឹងប្រែងផ្តាច់បារីរហូតដល់ទទួលបានជោគជ័យ។
- កុំលេងសើច ៖ ការយកបារីមកលលេង ឬការអុចបារីនៅចំពោះមុខអ្នកកំពុងផ្តាច់បារី មិនមែនជាទង្វើត្រឹមត្រូវឡើយ ពីព្រោះវាអាចជំរុញអោយគាត់វិលទៅរកសភាពដើមវិញ។ ដូចនេះសូមអ្នកជៀសវាងអោយបាននូវទង្វើទាំងនេះ។
- ប្រសិនបើអ្នកជាអតីតអ្នកជក់បារីដែរនោះ សូមផ្តល់ជាគំនិតយោបល់ល្អដែលធ្លាប់ជួយឲ្យអ្នក ផ្តាច់បារីបានប្រាប់ទៅគាត់ និងនិយាយពីភាពវិជ្ជមាន ដែលអ្នកទទួលបានបន្ទាប់ពីអ្នកបានផ្តាច់វាហើយនោះ។
- សាកល្បងម្តងទៀត ៖ ប្រសិនជាការព្យាយាមរបស់គាត់ក្នុងការផ្តាច់បារីទទួលបរាជ័យ សូមកុំស្តីបន្ទោសឲ្យគាត់ ត្រូវលើកទឹកចិត្តដើម្បីអោយគាត់ហ៊ានសាកល្បងម្តងទៀត។
No comments:
Post a Comment